loading...

សាហាវ! សត្វគោមួយក្បាល រត់ចូលទៅជល់ ជនដៃដល់ ជួយរំដោះ ក្មេងស្រីរងគ្រោះ (មានវីដេអូ)

ឥណ្ឌា៖ សត្វគោមួយក្បាល បានបង្ហាញពី ភាពក្លាហានរបស់វា ដោយរត់ចូលទៅជល់ ជនដៃដល់ ២នាក់ ដែលកំពុងតែ យកកាំបិតចាក់ក្មេងស្រីម្នាក់ យ៉ាងចាស់ដៃ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះថា Seema Gujjar ត្រូវបានជនដៃដល់ ២នាក់ ចាក់ជាច្រើនកាំបិត។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងទីក្រុង Gwalior ប្រទេសឥណ្ឌា ដោយគេជឿជាក់ថា ការចាក់សម្លាប់ក្មេងស្រីរងគ្រោះ ផ្តើមចេញពីគោលបំណងរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ (ដោយសារនាង បានធ្វើខុស នឹងក្រមសីលធម៌សង្គម ឬសហគមន៍) ដែលតែងត្រូវបានអនុវត្តដោយប្រជាជនក្នុងតំបន់។



បើយោងតាមវីដេអូឃ្លីបរយៈពេល ២៦វិនាទី ឲ្យយើងឃើញនូវទិដ្ឋភាពពេលកើតហេតុ។ ពេលនោះ សត្វគោមួយក្បាល បានចោលចូលទៅបុកគាស់ជនដៃដល់ ខណៈវាហាក់បីដូចជាខឹងក្រោធយ៉ាងខ្លាំង ក្រោយពីវាឃើញជនដៃដល់ ២នាក់នោះ កំពុងតែយកកាំបិត ចាក់សម្លាប់ក្មេងស្រីរងគ្រោះ យ៉ាងព្រៃផ្សៃ។
ក្រោយពីមានភាពចលាចល ទាំងមនុស្ស ទាំងសត្វគោ ក្មេងស្រីរងគ្រោះ បានរត់គេចខ្លួន ចេញពីកន្លែងកើតហេតុ ប៉ុន្តែដោយសារតែ រងរបួសធ្ងន់ធ្ងរពេក ក្រោយមកក៏បានស្លាប់បាត់បង់ជីវិតតែម្តង។
ប្រភពព័ត៌មានឲ្យដឹងថា ជនដៃដល់ទាំង២នាក់ ដែលជាប់ពាក់ព័ន្ធនៅក្នុងការចាក់សម្លាប់នារីរងគ្រោះ មានដូចជា ឪពុកបង្កើតឈ្មោះ Kalyan Singh និងពូ ឈ្មោះ Lakhan Singh។ ចំពោះមូលហេតុ ទំនងជាជនដៃដល់ ខឹងសម្បានឹងនារីរងគ្រោះ ដែលធ្វើឲ្យពួកខ្លួនអាម៉ាសមុខ ដោយហ៊ានរត់តាមបុរសវ័យក្មេងម្នាក់ អាយុ២២ឆ្នាំ ដែលគេស្គាល់ឈ្មោះត្រឹម Sonu ប៉ុណ្ណោះ។
បើតាមសម្តីប៉ូលិស បានប្រាប់ឲ្យដឹងដែរថា ជនដៃដល់ម្នាក់ ក្នុងចំណោមនោះ បានរងរបួស ដោយសារសត្វគោដ៏ក្លាហាននោះ។ យ៉ាងណាមិញ ជនឈ្មោះ Sonu ក៏ត្រូវបានប៉ូលិសឃាត់ខ្លួន និងចោទប្រកាន់ ពីបទមានទំនាក់ទំនងស្នេហា ជាមួយនឹងអនីតិជន ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Previous
Next Post »