loading...

ខឹងកូនញៀនចុចទូរស័ព្ទពេក ឪពុកគ្រវែងទូរស័ព្ទចេញតាមបង្អួច ស្រាប់តែកូនប្រុសហក់តាម ធ្លាក់ស្លាប់យ៉ាងអាណោចអាធ័ម (មានវីដេអូ)

ចិន៖  វីដេអូឪពុកយំអោបសពកូនប្រុស  ធ្វើឲ្យអ្នកទស្សនាតាមប្រព័ន្ធអ៊ីនធើណែតមានការតក់ស្លុតក្នុងចិត្តយ៉ាងខ្លាំង។ តាមរយៈបទយកការណ៍មួយបានបង្ហាញថា ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងខេត្ត Liaoning ប្រទេសចិន។
បើយោងទៅតាមសារព័ត៌មាន SETN ឯណោះវិញ បានឲ្យដឹងថា ដើមហេតុនៃករណីមួយនេះ គឺដោយសារឪពុកខឹងកូនប្រុសដែលញៀននឹងការលេងទូរស័ព្ទពេក។ ព្រោះតែគាត់ (ឪពុក) ចង់ឲ្យកូនឈប់លេងទូរស័ព្ទ និងផ្តល់ជាមេរៀន ក៏បានកញ្ឆក់យកទូរស័ព្ទពីដៃកូនប្រុសរបស់ខ្លួន  ហើយគ្រវែងចេញតាមមាត់បង្អួច។ ហេតុការណ៍នឹកស្មានមិនដល់ក៏បានកើតឡើង  ព្រោះក្មេងប្រុសនោះបានហក់តាមបង្អួច  តាមចាប់ទូរស័ព្ទសំណប់ចិត្តរបស់ខ្លួន  ជាហេតុបណ្តាលធ្លាក់ដីស្លាប់នៅនឹងកន្លែងតែម្តង។
តាមរយៈវីដេអូ គេអាចមើលឃើញបុរសជាឪពុកកំពុងតែយំអោបសពកូន ដែលទើបតែរៀនថ្នាក់អនុវិទ្យាល័យរូបនេះ ទាំងក្តីអាឡោះអាល័យ និងវិប្បដិសារី ហើយស្រែកខ្លាំងៗថា “កូនប្រុស ... ឯងល្ងង់ពេកហើយ”

បន្ទាប់ពីវីដេអូមួយនេះត្រូវបានចែកចាយពាសពេញក្នុងបណ្តាញសង្គមរួមមក វាក៏បានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ពួកគេ។  អ្នកលេងអ៊ីនធើណែតម្នាក់បានបញ្ចេញគំនិតថា  “យុវជនម្នាក់នេះ បានប្រើប្រាស់ក្តីស្រលាញ់របស់ឪពុកម្តាយ ដើម្បីដាក់ទោសទៅលើពួកគេ”។ 
អ្នកលេងអ៊ីនធើណែតម្នាក់ទៀតបានសរសេរថា “គេបានហក់ទៅស្លាប់តាមទូរស័ព្ទដៃរបស់គេហើយ។ តើឪពុកម្តាយរបស់គេនឹងរស់នៅដោយរបៀបណា?”។ 
ផ្ទុយទៅវិញ មានបងប្អូនមួយចំនួនគិតថា ហេតុការណ៍មួយនេះ នឹងមិនកើតមានឡើងទេ ប្រសិនបើឪពុកមានភាពអត់ធ្មត់ និងមិនឆេវឆាវដល់ថ្នាក់គ្រវែងទូរស័ព្ទចេញតាមបង្អួចបែបនេះ។ 
ទោះជាយ៉ាងណា អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតចំពោះហេតុការណ៍មួយនេះ ស្របពេលដែលឪពុកម្នាក់នេះ កំពុងរស់នៅជាមួយនឹងវិប្បដិសារី  និងកំហុសឆ្គងដែលមិនអាចអត់ទោសឲ្យខ្លួនឯងបានអស់មួយជីវិត៕

                                                      

សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព : KHMERLOAD

Previous
Next Post »